មានការបកស្រាយថា បុរសនិងស្ត្រីមានអាកប្បកិរិយាផ្ទុយគ្នាស្រឡះក្នុងរឿងស្នេហា ។ សេចក្តីស្រឡាញ់របស់បុរសកើតឡើងដោយភ្នែកខណៈសេចក្តីស្រឡាញ់របស់ស្ត្រីវិញកើតឡើងតាមរយៈត្រចៀក ។ នេះមានន័យថា រាល់ពាក្យសម្តីចេញពីមាត់បុរសពិតជាសំខាន់ខ្លាំងសម្រាប់ស្ត្រីយកមកគិតពិចារណាឱ្យបានហ្មត់ចត់ ។ ដូច្នេះមូលហេតុមួយចំនួនខាងក្រោមនេះសមល្មមឱ្យបណ្តាសុភាពស្ត្រីពិចារណាដើម្បីជៀសវាងកំហុសក្នុងជីវិត ៖
១-រងការឈឺចាប់ផ្លូវចិត្ត ៖
សំណាងអាក្រក់ដែលតែងកើតមានជារឿយៗគឺថា បណ្តាស្ត្រីអាចត្រូវបានទាក់ទាញដោយបុរសដែលមានរូបរាងសង្ហា ហើយបែបនេះលទ្ធផលទទួលបានគឺការឈឺចាប់ និងភាពឯកា ។ ស្ត្រីនៅពេលមើលឃើញថា បុរសម្នាក់មិនបានស្រឡាញ់ខ្លួនដោយស្មោះទេ គួរកុំប្រញាប់ភ្ជាប់ទំនាក់ទំនងស្នេហាអូនបងដ៏ផ្អែមរលួយពេក ខណៈដូចពាក្យថា មិត្តភាពអាចក្លាយជាស្នេហា ចំណែកស្នេហាវិញមិនអាចប្រែក្លាយមកជាចំណងមិត្តភាពបានទេ ។ ទោះជាយ៉ាងណា មនុស្សស្រីជាច្រើនគិតថា អារម្មណ៍ពិតនឹងកើតមានក្នុងពេលណាមួយ ហើយពួកគេអាចនឹងផ្លាស់ប្តូរស្ថានការណ៍បាន ។ សម្រាប់អ្នកជំនាញវិញយល់ថា វាមិនមានភាពចាំបាច់អីក្នុងការបង្កាត់ភ្លើងស្នេហ៍ដោយសារតែការចង់បានបែបនោះ ឬក៏ដោយសារភាពធុញថប់ការនៅតែឯង ហើយចង់បានគូគ្រងមកនៅក្បែរនោះទេ ។ សុភាពស្ត្រីនៅពេលជួបបុរសដែលខ្លួនពេញចិត្ត រឿងដំបូងដែលគួរធ្វើគឺត្រូវស្វែងយល់ថាតើបុរសនោះមានគុណភាពផ្នែកខាងក្នុងគ្រប់គ្រាន់ដែរឬទេ ?
២-បុរសជាភេទដែលមានចំណង់ភេទខ្លាំង៖
វាមិនមែនជារឿងត្រូវលាក់បាំងត្រង់ចំណុចថា បុរសជាភេទល្មោភកាមនោះទេ ។ ដូច្នេះយោងលើការពិត សុភាពស្ត្រីមិនគួរឆាប់ជឿទុកចិត្តលើបុរសភ្លាមដោយខ្វះការពិចារណាឲ្យគ្រប់ជ្រុងជ្រោយឡើយ ។ ពិតណាស់ ត្រង់ចំណុចនេះ យើងមិនចង់និយាយថា រាល់បុរសទាំងអស់សុទ្ធតែដូចគ្នានោះឡើយ ប៉ុន្តែវាជាធម្មជាតិដែលពួកគេភាគច្រើនចាប់អារម្មណ៍ដំបូងលើស្ត្រីគឺត្រង់សម្រស់មុខមាត់ រាងកាយខណៈអត្តចរិត ឫកពាស្ថិតនៅលំដាប់ទី២ប៉ុណ្ណោះ ។ ការបង្កើតនូវទំនាក់ទំនងរយៈពេលវែងប្រកបដោយភាពរឹងមាំ និងស្ថិតស្ថេរយូរអង្វែងគឺមិនអាចពឹងផ្អែកតែលើរូបសម្បត្តិមួយមុខនោះទេ ដ្បិតវាមិនមែនជាវត្ថុដែលអមតៈ គួរសង្កេតទៅលើចិត្តគំនិតគេផង ។
៣-បុរសមិនដែលនិយាយពាក្យពិតក្នុងរឿងស្នេហា៖
វាជារឿងអស់សង្ឃឹមខ្លាំងជាងគេខណៈបុរសភាគច្រើនមិនស្មោះត្រង់ និងចូលចិត្តលាក់បាំងរឿងរ៉ាវច្រើននៅពេលសុំស្នេហ៍ពីស្ត្រីគ្រាដំបូង ។ នេះជាហេតុផលធំជាងគេសម្រាប់ឱ្យសុភាពស្ត្រីទាំងឡាយពិចារណាគិតគូរមុននឹងសម្រេចចិត្តទទួលយក ឬប្រគល់បេះដូងឱ្យទៅបុរសណាម្នាក់ ។
យ៉ាងណាក៏ដោយ ចំណងមិត្តភាពបេះដូងគ្រាដំបូងពិតជាជោរជន់ទៅដោយក្តីរំភើប និងមានអារម្មណ៍វិជ្ជមានគ្រប់រឿង ។ សុភាពស្ត្រីអាចនឹងពិបាករកពេលគិតពីចំណុចអាក្រក់ខណៈកំពុងស្ថិតនៅក្រោមការបំពេដោយសម្តីលួងលោមដ៏ផ្អែមល្ហែមរបស់បុរសសង្ហាម្នាក់ ។ ប៉ុន្តែអ្វីៗ អាចបង្កើតឱ្យមានការឈឺចិត្តនៅពេលក្រោយ។ ដើម្បីទប់ស្កាត់បញ្ហានេះ ស្ត្រីគួរតែចេះគ្រប់គ្រងស្ថានការណ៍ និងអត់ធ្មត់ក្នុងកម្រិតខ្ពស់ ៕
____________________________________________________________________________________________
ដោយ ៖ ឈិត គឹមឆុន
ConversionConversion EmoticonEmoticon